សម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីរួច នៃព្រះរាជាណាចក្រកម្ពុជា

សម្បត្តិបេតិកភណ្ឌពិភពលោក នៃព្រះរាជាណាចក្រកម្ពុជា

សម្បត្តិបេតិកភណ្ឌរបស់ពិភពលោកត្រូវបានបែងចែកជា២គឺ សម្បត្តិបេតិកភណ្ឌរូបី (World Heritage Site) និងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី (Intangible Cultural Heritage)។ សម្បត្តិបេតិកភណ្ឌពិភពលោក គឺជាសម្បត្តិដែលត្រូវបានទទួលស្គាល់ អង្គការ UNESCO ហើយរាល់សម្បត្តិទាំងនោះ មានតម្លៃជាសកល (Outstanding Universal Value)។ មកទល់ខែកក្កដា ឆ្នាំ២០១៧ នេះ ប្រទេសកម្ពុជាបានបញ្ចូលសម្បត្តិបេតិកភណ្ឌចំនួន ៧ទៅជាសម្បត្តិបេតិកភណ្ឌ ពិភពលោកដោយក្នុងនោះមាន ៣ ត្រូវបានបញ្ចូលទៅក្នុងសម្បត្តិបេតិតកភណ្ឌរូបី និង ៤ ទៀតត្រូវបានបញ្ចូលទៅសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី។

១. តំបន់អង្គរ (សម្បត្តិបេតិកភណ្ឌរូបី)
តំបន់អង្គរ ស្ថិតនៅភាគខាងជើងនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តសៀមរាប គឺជាតំបន់ប្រវត្តិសាស្រ្ដមួយដ៏សំខាន់នៅ តំបន់អាស៊ីអាគ្នេយ៍។ តំបន់អង្គរត្រូវបានគ្របដណ្ដប់នៅលើផ្ទៃដី ជាង៤០០គីឡូម៉ែត្រការ៉េ (៤០១០០ហិកតា) ដោយរួមបញ្ចូលទាំងតំបន់ព្រៃឈើ ដែលតំបន់នេះជា អតីតរាជធានីនៃ អាណាចក្រខ្មែរ ពីសតវត្សទី ៩ ដល់សតវត្សទី ១៥។ ដោយសារ ភាពប្រណីតនៃសំណង់, នគរូបនីយកម្មបុរាណមានភាពចម្លែក និងអាងស្ដុកទឹកដ៏ធំ វាបានបង្ហាញឲ្យយើងឃើញច្បាស់ពីភាព អស្ចារ្យនៃអរិយធម៌នៃតំបន់នេះ។ តំបន់នេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមលក្ខណៈវិនិច្ឆ័យ (i), (ii), (iii) និង(iv)

២. របាំព្រះរាជទ្រព្យ (Royal Ballet, សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី)
របាំព្រះរាជទ្រព្យ ឬល្ខោនហ្លួង ជាទម្រង់របាំខ្មែរ ដែលសម្រាប់សម្ដែងថ្វាយ ខ្សែព្រះរាជវង្សតែប៉ុណ្ណោះ នាសម័យអតីតកាល។ យ៉ាងណាមិញ ត្រឹមចាប់ពីពាក់កណ្ដាលសតវត្សទី២០មក គេចាប់ផ្ដើម ឃើញមានវត្តមានរបាំនេះ សម្ដែងជូន សាធារណៈជនបានទស្សនាផងដែរ។ ដោយសារភាពល្វត់ល្វន់ និងសំលៀកបំពាក់ ការតុបតែង យ៉ាងស្អាតល្អប្រណីតនោះ អង្គការ UNESCO បានដាក់បញ្ចូល របាំព្រះរាជទ្រព្យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងឆ្នាំ ២០០៣។

៣. ល្ខោនស្រមោលស្បែកធំ (Sbek Thom, Khmer shadow theatre; សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី)
ល្ខោនស្រមោលស្បែកធំ ឬណាំងស្បែកធំ គឺជាទម្រង់សិល្បៈមួយប្រភេទ ដែលបានប្រើប្រាស់ស្បែកដែលត្រូវបានគេឆ្លាក់យកមកសម្ដែង។ របាំនេះត្រូវបានសម្ដែងតាំងពីសម័យមុនអង្គរ ហើយនាពេលនោះ របាំល្ខោនស្រមោលស្បែកធំ (Sbek Thom, Khmer Shadow theatre), របាំព្រះរាជទ្រព្យ (Royal Ballet) និងល្ខោនខោល (Mask theatre) ត្រូវបានគេចាត់ទុកជាវត្ថុសក្ការៈ។ ម្យ៉ាងទៀតកាលពីមុនរបាំនេះ មិនសូវជាត្រូវបានឃើញគេសម្តែងទេ ពោលគេអាចឃើញរបាំនេះត្រឹម ៣ ឬ៤ដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺនៅក្នុងពិធីចូលឆ្នាំខ្មែរ, ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ ឬនៅថ្ងៃគោរពដល់ឥស្សរជនណាមួយតែប៉ុណ្ណោះ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ល្ខោនស្រមោលស្បែកធំត្រូវបាន អង្គការ UNESCO ទទួលស្គាល់ថាជាស្នាដៃឯកខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីរបស់មនុស្សជាតិក្នុងឆ្នាំ២០០៥ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីផ្នែកមនុស្សជាតិ។

៤. ប្រាសាទព្រះវិហារ (សម្បត្តិបេតិកភណ្ឌរូបី)
ប្រាសាទព្រះវិហារ ជាប្រាសាទមួយដែលបានឈរបង្អួតខ្លួន យ៉ាងប្រណីតអស្ចារ្យនៅលើកំពូលភ្នំដងរែក ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំខ្សាន្ដ ខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានកសាងដោយព្រះមហាក្សត្រ ចំនួន ២ព្រះអង្គ គឺ ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២ ដែលប្រាសាទនេះ គឺបានសាងសង់ឡើង ឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរ។ ប្រាសាទព្រះវិហារត្រូវបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការ កាត់សេចក្ដីពីតុលាការអន្តរជាតិទីក្រុងឡាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំដោយ ព្រះបាទនរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៧ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។

៥. ល្បែងទាញព្រ័ត្រ (សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី)
ល្បែងទាញព្រ័ត្រ ជាល្បែងប្រជាប្រិយមួយ ដែលប្រជាជនកម្ពុជាតែងនិយមឃើញគេលេងក្នុងកំឡុង ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។ ល្បែងនេះត្រូវបានដាក់ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី តាមការស្នើពីប្រទេសចំនួន៤ សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ ដែលក្នុងនោះមាន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋកូរ៉េ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

៦. ចាប៉ីដងវែង (សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី)
ចាប៉ីដងវែងរបស់កម្ពុជាត្រូវបាន ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO ក្នុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទន្ទឹមនឹងគ្នានេះដែរ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក សម្រាប់ការអភិរក្សចាប៉ីដងវែង។

៧. តំបន់ប្រាសាទសំបូរព្រៃគុក
តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣០០០ហិកតា។ តំបន់សំបូរព្រៃគុក ជារាជធានីចាស់ នៃរាជធានីចេនឡា ដែលមានឈ្មោះថា ឥសានបុរៈ និងកសាងដោយព្រះបាទ ឥសានវរ្ម័ន ដែលជាបុត្រារបស់ ព្រះបាទចិត្រសេន។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង ក្រាកូវី (Cracovie) ប្រទេសប៉ូឡូញ (Poland) បានសម្រេចបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ហើយរដ្ឋាភិបាលកម្ពុជាបានសម្រេចយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ជាថ្ងៃចងចាំជាប្រវត្តិសាស្រ្ដសម្រាប់ការដាក់បញ្ចូលនេះ។

ឯកសារយោង៖
Latest News and Events. (n.d.). Retrieved from Intangible Cultural Heritage: https://ich.unesco.org/en/state/cambodia-KH

Properties inscribed on the World Heritage List. (n.d.). Retrieved from World Heritage Convention: http://whc.unesco.org/en/statesparties/kh

បេតិកភណ្ឌ. (n.d.). Retrieved from Ministry of Culture and Fine Arts: http://www.mcfa.gov.kh/site/listsall/53


បេតិកភណ្ឌកម្ពុជាដែលចុះបញ្ជីរួចហើយ និងបេតិកភណ្ឌដែលនឹងត្រូវចុះបញ្ជីបន្ត. (n.d.). Retrieved from ស្រុកកោះធំនៃប្រទេសកម្ពុជា: https://kohthom.wordpress.com/2012/12/02/%E1%9E%94%E1%9F%81%E1%9E%8F%E1%9E%B7%E1%9E%80%E1%9E%97%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%85%E1%9E%BB%E1%9F%87/

Comments

Popular posts from this blog

លំដាប់ពិន្ទុ

វិធីសាស្រ្ដក្នុងការប្រើប្រាស់ពាក្យ "និង" "នឹង" និង"ហ្នឹង" នៅក្នុងការសរសេរក្នុងអក្សរសាស្រ្ដខ្មែរ